ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងស្រុកកំពង់សីលា បន្តហក់ឡើងដល់កម្ពស់៥,៦០ម៉ែត្រ

SHARE

 ខេត្តព្រះសីហនុ៖ បើតាមសេចក្តីរាយការណ៍ពី មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា តាមស្ថានភាពអាសធាតុនៅខេត្តព្រះសីហនុគិតត្រឹម ម៉ោង ១៤:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៦-១១៦ ដែលស្តិតក្នុងភូមិសាស្ត្រភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា កម្ពស់ទឹកហក់ឡើងដល់កម្ពស់៥,៦០ម៉ែត្រ ពីបាតស្ទឹង ។
សេចក្តីរាយការណ៍ដដែល បានបន្តថា តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។ ករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។
ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។
សូមបញ្ជាក់ថាគិតត្រឹមម៉ោងនេះចរាចរណ៍ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោងរថយន្តតូច ធំ អាចធ្វើដំណើរចរាចរណ៍ទៅមកធម្មតា។
សូមជម្រាបជូនបន្ថែមថា គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់ នៅសរុបចំនួន៤២គ្រួសារ៕ by AKP







SHARE

Author: verified_user