ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ
ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa
Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ
និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំ កន្លងមកដែលក្នុងនោះ
ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន
៩៥កន្លែង ។
លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា
ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ
និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។
លោក កៃនូម៉ា បានបន្ថែមថា
រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា
ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED
បានចំនួន 18.880 អំពូល ដែលក្នុងនោះ
បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន
កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ
សម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ
ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាត ពីជំងឺកូវីដ-១៩, ដោយក្នុងចំណោម
កម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ covid-19 ហើយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀងរហូត
ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ ។ លោកកៃនូម៉ា
បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុង ពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន
មីនីបៀ នៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ
ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍
អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក
ហើយបានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក
ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។
សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា
ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ហើយសម្តេចតេជោ
ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ ឆ្នាំ
របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា ។
សម្ដេចតេជោ បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ
ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ
បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ
និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា ៕






