ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក អភិបាលរាជធានីភ្នំពេញ ជម្រុញអោយស្ថាបនាឡើងវិញនៅថ្ងៃស្អែកនេះ

SHARE

ភ្នំពេញ៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយត្រូវ ពលរដ្ឋស្នើ​អោយអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញអោយឆាប់នោះ ពេលនេះត្រូវបាន អភិបាល​រាជធានីភ្នំពេញ ជម្រុញអោយស្ថាបនាឡើងវិញនៅថ្ងៃ២៧ កក្កដាស្អែកនេះហើយ ដើម្បីឆ្លើយ​តបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ខណៈពេលដឹកនាំ​មន្ត្រី​ជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំងទន្លេនៅសង្កាត់​ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ កក្កដានេះ បានមានប្រសាសន៍លើកឡើងថា៖ ការបាក់ច្រាំង​ទន្លេ​នៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាអោយបានម៉ត់ចត់ ហើយក្រុមការងារ​ត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃ២៧ កក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើ​ដំណើរ​ទៅមករបស់បងប្អូន ប្រជាពលរដ្ឋ។
លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានមានប្រសាសន៍បញ្ជាក់ថា ច្រាំងទន្លេដែលបាក់​ចូល​ទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដងជា​បន្តបន្ទាប់​គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាទប់​បណ្តោះ​អាសន្ន ដើម្បីកុំអោយបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាល​ម​ក​ពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើអោយដីផ្នែកខាងក្រោមជ្រាយ ឈានទៅ​ដល់ការបាក់តែម្តង។
ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺ អាចដំណើរការ លើ​ការងារ​​នេះបាន ដោយទី១ ត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ទី២ កាយយកដីស្អុយ​ចេញ ទី៣ ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤ ចាក់ដីពីលើ បំពេញផ្លូវដែលបាក់នេះតែម្តង ហើយ​ផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។
នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមក​ជួប ឯកឧត្ដម ឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់​ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕ អរគុណសន្តិភាព



SHARE

Author: verified_user