ស្រ្តីជាអ្នកសារព័ត៌មានបានខិតខំបំពេញការងារវិជ្ជាជីវៈកាន់តែល្អដើម្បីផ្តល់ព័ត៌មានពិត ច្បាស់លាស់ដល់ សាធារណជន

SHARE



ភ្នំពេញ៖ នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រី្តកម្ពុជាបានលើកឡើងថា ស្ត្រីជាអ្នកសារព័ត៌មាន​បានខិតខំ​បំពេញការងារវិជ្ជាជីវៈកាន់តែល្អ ដើម្បីផ្តល់ព័ត៌មានពិត ច្បាស់លាស់ដល់សាធារណជន ដែលជាគុណ ប្រយោជន៍​ដល់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវនៅក្នុងសង្គម។
អ្នកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្រី្តកម្ពុជា បានឱ្យដឹងថា ស្ត្រីជាអ្នកសារ ព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ និងតម្លៃស្ត្រីនៅក្នុងសង្គមជាតិ ខណៈដែលបច្ចុប្បន្ននេះវត្តមាន
ស្ត្រីនៅក្នុងវិស័យព័ត៌មាន មានការកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកស្រីបានបន្តថា ក្នុងនាមជានាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្រី្តកម្ពុជា អ្នកស្រីសូមសរសើរ និងលើកទឹកចិត្តដល់ស្ត្រី​ជាអ្នក​សារព័ត៌មាន ឱ្យខិតខំបំពេញការងារឱ្យកាន់តែល្អបន្ថែមទៀត ទោះបីជាពេលខ្លះ តែងតែជួបប្រទះនៅបញ្ហាប្រឈម​មួយចំនួនក៏ដោយ ក៏យើងត្រូវតែជម្នះឱ្យបាននិងខិតខំប្រឹងប្រែងបន្តទៀត ។
អ្នកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល ៖ ខ្ញុំសូមលើក​ទឹកចិត្តនិងសរសើដល់ស្ត្រី ព្រោះគ្មានស្ត្រីនៅក្នុងវិស័យណាដែលលំបាកជាង​ស្ត្រី​ក្នុង​វិស័យព័ត៌មាននោះទេ ហើយសូម​សរសើរយើងជាគំរូល្អមែន ទែន ដល់ក្មេងៗជំនាន់ក្រោយ នៅក្នុងការលើកទឹក​ចិត្តចំពោះក្មេងៗជំនាន់ក្រោយ ឱ្យយកគំរូ​តាមផ្លូវរបស់យើង ព្រោះដើម្បីកែប្រែសង្គមបានជួយដល់សង្គមបានលុះត្រា​តែ​មាន​​សំឡេងស្ត្រី ជាអ្នកសរសេរឱ្យបាន​កាន់តែច្រើន យើងឃើញមានការរួមចំណែកច្រើន រួមទាំងបងៗក្មួយៗទាំងអស់គ្នា សង្ឃឹមថាសង្គមយើងទៅថ្ងៃមុខ ស្ត្រីនិងបុរសមានស្ថានភាពប្រសើរជាងមុននៅក្នុងការចូលរួមរបស់យើង ហើយម្យ៉ាង​ទៀត ថាទោះបីជា​មានការលំបាក​ក៏ដោយ ក៏ស្ថានភាពអ្នកសារព័ត៌មានស្ដ្រីមានភាពប្រសើរ ដោយមានការកើនចំនួនស្ត្រី ពី៤ទៅ៥នាក់ រហូតដល់ជាង​៥០០នាក់ ហើយក៏មានការរីក ចម្រើនខាងចំណេះវិជ្ជា មានការរីកចម្រើនទាំងខាងវិជ្ជាជីវៈ ហើយនឹងមានអ្នកខ្លះក្លាយ​ជាមេដឹកនាំ ហើយអ្នក កាសែតដែលល្បីៗផងដែរ។ អ្នកស្រីនាយិកាប្រតិបត្តិ នៃអង្គការ​មណ្ឌលព័ត៌មានស្រី្តកម្ពុជា បាន​បញ្ជាក់ថា រយៈ ពេល១០ឆ្នាំចុងក្រោយនេះ វត្តមានស្ត្រីក្នុងវិស័យសារព័ត៌មាន មាន​ការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ហើយការកើនឡើងនៃចំនួនស្ត្រីអ្នកសារព័ត៌មាន ស្របពេលដែលផ្នែកប្រព័ន្ធឌីជីថល​មានការ​រីកចម្រើន ជាពិសេស​ប្រព័ន្ធទូរស័ព្ទស្មាតហ្វូន ក៏អាចជាកត្តាអំណោយផលនៃការងារផងដែរ ហើយម៉្យាងវិញទៀត ស្ថាប័ន​រដ្ឋ ឯកជន អង្គការ​សង្គមស៊ីវិលតែងតែផ្ដល់ឱកាស និ លើកទឹកចិត្តស្ត្រីស្របពេលដែលស្ត្រីមួយចំនួន មាន​សមត្ថភាពពេញលេញ​ក្នុងការ​កាន់មុខតំណែងធំៗក្នុងស្ថាប័នខ្លះៗមួយចំនួនផងដែរ៕ by AKP

SHARE

Author: verified_user