សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​លទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល ប្រារព្ធនៅទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជា

SHARE


ខេត្តព្រៃវែង៖ នាព្រឹកអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជា​អធិបតី​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល ប្រារព្ធនៅ​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ មានការអញ្ជើញចូល​រួមពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​ក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណៈកម្មា​ធិការ​គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រុង ស្រុក និងឃុំ សង្កាត់ នៃ​ខេត្តព្រៃវែង ព្រមទាំង​សកម្មជនគណបក្សជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍នា​ឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូស​បញ្ជាក់ជូនអង្គប្រជុំអំពីសភាពការណ៍សំខាន់ៗនៅជុំវិញពិភពលោក ក្នុងនោះរួម​ទាំងព័ត៌មាន​ចំនួនពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួល​អាកាសធាតុដែល​នាំដល់ក្ដៅ​កង្វល់​សម្រាប់ប្រជាពលរដ្ឋ ពិសេសកសិករ និងបញ្ហាមួយចំនួននៅតំបន់អាស៊ាន និងការជះ​ឥទ្ធិពលមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ សម្ដេច​ក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពី​ក្ដីប្រាថ្នា​ឱ្យទទួលបាន​ជ័យជម្នះ​ចំនួន​ពីរក្នុងពេលតែមួយ គឺជ័យឈ្នះក្នុងឋានៈជាគណបក្សកាន់​អំណាច​ដែលត្រូវរៀប​ចំ​ការបោះ​ឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ និងទី២គឺ​ការទទួលបានជ័យជម្នះ​របស់​គណបក្សប្រជាជនកម្ពុជានៅក្នុងការប្រកួតប្រជែង​ការបោះ​ឆ្នោត​នេះ។ សម្ដេចក្រឡាហោម បានបង្ហាញមោទកភាពសម្រាប់ការទទួលបានជ័យជម្នះទាំងពីរនេះ​។នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជំរុញឱ្យសមាជិក សមាជិការគណបក្ស​ដែល​ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជា​ពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការ​អនុវត្តរយៈ​ពេល​៥ឆ្នាំ ពីឆ្នាំ​២០២២ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិង​សម្រេច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្​ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ៕

SHARE

Author: verified_user