សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច បង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក

SHARE

នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច បង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជន​ក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់នាឱកាសនោះថាការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។ សម្ដេចបន្ថែមថាការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតប​តាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័ន​ទាំងអស់​តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។
សម្ដេចក្រឡាហោម បានមានប្រសាន៍ថាបន្ទាប់ពីសម្ដេចបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរយៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថាមានមហាជនកាន់តែច្រើន​ឡើង​បានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច និងថាព្រោះ​ហេតុ​ដូច្នេះ​​ហើយ​ទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា បានរាយការណ៍ឱ្យដឹងថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ បានបង្ហោះផ្សាយផ្ទាល់សកម្មភាពការងារ សម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ និងបានដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន គោរពជូន សម្តេចក្រឡាហោម ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បានចំនួន២.០៥៦ គណនី។
ឯកឧត្តមបន្តថា ក្រុមការងារនឹងបន្តការបង្ហោះផ្សាយផ្ទាល់សកម្មភាពការងាររបស់ សម្ដេចក្រឡាហោម និង​បង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុកសម្ដេច ដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន (
Comment) ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដើម្បីគោរពជូន សម្ដេច ជ្រាបនិងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងបន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិរបស់មហាជនក្នុងទំព័រ​ហ្វេសប៊ុក​សម្ដេចក្រឡាហោម។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង​មហា​ផ្ទៃ បានអានសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិរបស់​មហាជន ហៅកាត់ថាក្រុមការងារហ្វេសប៊ុកផេកសម្ដេចក្រឡាហោម ស ខេង។ ក្រុមការងារនេះ មានឯកឧត្តម ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងហាផ្ទៃ និងជានាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ជាប្រធាន អមដោយអនុប្រធាន និងសមាជិកមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រុមការងារ ក្នុងនោះ​សម្ដេចក៏បានសង្កត់ធ្ងន់ថាមន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូម​ប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការ​ដោះ​ស្រាយមានប្រសិទ្ធភាព៕ អរគុណសន្តិភាព



 

SHARE

Author: verified_user