គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ នៅរដ្ឋធានីវៀងចន្ទន៍

SHARE

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រី​ការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្របពេលដែលឆ្នាំនេះ គឺជាខួប​អនុស្សាវរីយ៍​លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួម​កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។
ក្នុងជំនួបនេះ ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរ​ទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការ​កងទ័ព​ជើងគោក​នៃកងយោធពលខេមរភូមិន្ទ ដែលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ព​នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនេះ ក៏នឹងចូលរួមចំណែកដល់​ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងនាមជា​ប្រទេស​ជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ និងកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ និងយូរអង្វែង” ជាពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការ​បន្តលើកកម្ពស់ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះស្មារតីនៃការជួយយកអាសារគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-​ឡាវ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ជាពិសេសនៅក្នុងកាលៈទេសៈលំបាក។ចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ​ដែល​សម្រេចបានកន្លងមក ទោះបីជាមានការរអាក់រអួលខ្លះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយថែរក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរនៅតាមតំបន់ព្រំដែន ជាពិសេស​ការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កត្តានេះ ជាការបង្កលក្ខណៈឱ្យប្រជាជន​ទាំង​សងខាង ទទួលបាននូវផលប្រយោជន៍តាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកទទួលទានជាមួយគ្នាទៅវិញ​ទៅមក សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែរីកចម្រើន។
ចំពោះទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាព​ផ្លាស់ប្តូរទៅវិញ​ទៅមក​ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
ក្រៅពីនេះ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាប្រឈមសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹង​កិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕ អរគុណសន្តិភាព




SHARE

Author: verified_user