ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន
ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា
នាព្រឹកថ្ងៃទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។លោកជំទាវ ង្វៀន
ធីថាញ់
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មានតម្លៃ
និងមមាញឹកទទួលជួបគណៈប្រតិភូ របស់លោកជំទាវនាឱកាសនេះ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ
និងរាក់ទាក់ជាទីបំផុត។លោកជំទាវប្រធានគណៈប្រតិបានចូលរួមអរសារទរ
ចំពោះការភិអភិវឌ្ឍឥតឈររបស់កម្ពុជានៅគ្រប់វិស័យ
ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។ឆ្លៀតឱកាសនោះលោកជំទាវ
ង្វៀន ធីថាញ់ បានរាយការណ៍ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
អំពីវិវឌ្ឍន៍ថ្មីៗនៅប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម
ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព
នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ។
លោកជំទាវបានគូសបញ្ជាក់ថាវៀតណាមមិនខុសពីកម្ពុជា
និងបណ្តាប្រទេសនានាទូទាំងពិភពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩
តែទោះយ៉ាងណាបក្ស រដ្ឋនិងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆាំងជំងឺនេះ
នៅក្នុងការស្តារសេដ្ឋកិច្ចសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើតចំនួន៣%
ហើយនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កើនបាន៧%។សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ ស្របពេលដែលអង្គភាព
និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ
អបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។
សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់នៃការរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំ
និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។សម្តេចប្រធានរដ្ឋសភា
បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង
និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។
ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម
នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត
ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។នៅក្នុងឱកាសនោះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញ លើកទឹកចិត្ត
ដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព
និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌
រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រ ជាដើម៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments




