SHARE

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋម​វិជ្ជាជីវៈ​នគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម។ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សន្តិបណ្ឌិតរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យប្រធាន​បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ព្រមទាំងអង្គពិធីជាមន្រ្តីជាន់​ខ្ពស់ ថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តី និងសិស្សនគរបាលជាច្រើនរូបទៀត។លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ នៃបណ្ឌិត្យសភា​នគរបាល​កម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថាសិស្ស​នាយ​នគរបាល​ដែលសាលានគរបាលជាតិភូមិភាគ២ បាននិងកំពុងបណ្ដុះបណ្ដាលក្នុង​ជំនាន់​ទី១៥ លើកទី២ និងបានចូលរួមក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាព​សម្ដេចក្រឡា​ហោម នាឱកាសនេះ មានចំនួន១២៧នាក់ ក្នុងនោះមានសិស្សនារីចំនួន២៣នាក់។លោកឧត្តមសេនីយ៍ទោ បានបន្តថាថ្មីៗនេះ តាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដើម្បីឱ្យមានការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​សាលា​នគរបាលជាតិភូមិភាគ២នោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានសម្រេចជួយ​ឧត្ថម្ភការ​ស្ថាបនាផ្លូវបេតុងប្រវែង២៣០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ អស់ទឹក​ប្រាក់៩៣១ពាន់៧០០ដុល្លារអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ ក៏បានសម្រេចជួយសាងសង់​អគារស្នាក់នៅ​កម្ពស់១ជាន់មួយខ្នង ទំហំ៤៥ម៉ែត្រគុណ១៣.៥ម៉ែត្រ គ្រែដែកកម្ពស់២ជាន់ចំនួន៨០គ្រែ និងទូដាក់សម្លៀកបំពាក់ចំនួន១៦០ទូ អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ខណៈឯកឧត្តម អភិបាលខេត្តស្វាយរៀង ក៏បានសម្រេចជួយឧបត្ថម្ភអគារស្នាក់នៅបំពាក់គ្រែ និងទូសម្លៀក​បំពាក់ដូចគ្នា អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារអាមេរិកដែរ។
លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានសម្រេចជួយ​សាងសង់​ឡដុតសំរាមខ្នាតមធ្យមប្រើចរន្តអគ្គិសនីចំនួន១កន្លែងផងដែរ ហើយថាប្រសិនបើ​សមិទ្ធផលទាំងនេះសម្រេចបាន១០០ភាគរយនោះ នឹងបញ្ជាក់ថាសាលា​នគរបាលជាតិ​ភូមិភាគ២ បាននិងកំពុងអភិវឌ្ឍន៍ដោយសម្រេចបាន៦៥ភាគរយ បើធៀបនឹងស្តង់ដាគុណភាព​អប្បរមា និងប្លង់មេដែលបានកំណត់។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងទៀតថា​សាលាបណ្ដុះបណ្ដាលនគរបាលជាតិភូមិភាគ២ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាល​ប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មី មកពីខេត្តចំនួន៤ រួមមានខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង ដោយចាប់ពីពេលបង្កើតរហូតដល់ពេលនេះ សាលាបានបណ្ដុះ​បណ្ដាល​កងកម្លាំងសរុប៦២៧៩នាក់ ក្នុងនោះនារីមានចំនួន៥១៣នាក់។នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងចូលរួម​អបអរ​សាទរ សាលានគរបាលជាតិភូមិភាគ២ ដែលបាននិងកំពុងបណ្ដុះបណ្ដាលមន្រ្តី​នគរបាល​ជាតិ និងសិស្សនគរបាលក្របខ័ណ្ឌថ្មី ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែក​កសាងធនធានមនុស្សនគរបាលជាតិ និងមានក្ដីសង្ឃឹមថាសាលានគរបាលជាតិភូមិភាគ២ នឹងបន្តកិច្ចខិតខំប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សាលាឱ្យកាន់តែមានការរីកចម្រើន។ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែង​អំណរគុណអភិបាលខេត្តពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ដំណើរការកសាងហេដ្ឋារចនា​សម្ព័ន្ធក្នុង​សាលានគរបាលជាតិភូមិភាគ២។ ជាមួយគ្នានេះ សម្ដេចក៏បានសម្រេចជួយ​សាង​សង់​អគារសិក្សាមួយខ្នងបន្ថែមទៀតដែរ ដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បី​បំពេញ​តម្រូវការជាក់ស្ដែងដ៏ចាំបាច់នៅក្នុងសាលា។
សម្ដេចបានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណ​ធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យ​បានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សា​ជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ។ សម្ដេច បន្តថាមន្រ្តីនគរបាលដែល​ឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើនចំនួន​ក្របខ័ណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពី​ការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេច បន្តថាប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀន​សូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ សម្ដេច ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់​នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យសាលា​នគរបាលជាតិភូមិភាគ២ និងសាលាភូមិភាគផ្សេងៗទៀត បន្តអនុវត្តកំណែទម្រង់នគរបាល​ជាតិ​នេះឱ្យបានល្អ។ សម្ដេច ក៏បានគូសបញ្ជាក់ថានឹងបន្តអញ្ជើញចុះទៅ​ឱ្យគ្រប់សាលា​នគរបាល​ជាតិភូមិភាគ និងមានការតាំងចិត្តច្បាស់ហើយថា ក្រសួងនឹងកាត់បន្ថយការបញ្ជូន​មន្រ្តីនគរបាលជាតិថ្នាក់មូលដ្ឋាន ទៅរៀននៅក្រៅប្រទេសឱ្យបាន១០០ភាគរយ៕ អរគុណសន្តិភាព


SHARE

Author: verified_user