ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង

SHARE

នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានទទួល​​ជួបគណៈប្រតិភូធានាគារវិនិយោគអឺរ៉ុប(European Investment Bank) ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប។ នៅក្នុងជំនួបនោះ ឯកឧត្តម សាយ សំអាល់ បានជម្រាបពីស្ថានភាពកម្ពុជាមកទល់បច្ចុប្បន្ន កម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ចុងក្រោយរបស់ខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចវិជ្ជមាន។ លោក Kris Peeters បានចូលរួមអបអរសាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបាននាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយធានាគារវិនិយោគអឺរ៉ុប លើគម្រោងនានាដែលមានទំហំទឹកប្រាក់សរុប ២៤០លានអឺរ៉ូ។ បន្ថែមលើនេះទៀត លោកអនុប្រធានធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែមដើម្បីទទួលកម្ចី និងហិរញ្ញទានបៃតង។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន លើគម្រោងអាទិភាពមួយចំនួនដូចជា ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទិញផលិត​ផល​សហគមន៍នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ការជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការទិញឥណទានកាបូន ការវិនិយោគលើថាមពលកកើតឡើង និងបច្ចេកវិទ្យាបៃតង។ ឯកឧត្តមក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំ ភូមិរុនតាឯកឱ្យក្លាយភូមិធម្មជាតិគម្រូផងដែរ៕ អរគុណសន្តិភាព


SHARE

Author: verified_user