ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា! ឯកឧត្តម សាយ សំអាល់ មានជំនឿថា ការចូលរួមរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់មករកស្ថានភាពដើមវិញនៅពាក់កណ្តាលសតវត្សរ៍ទី២១

SHARE


ភ្នំពេញ៖ តាមរយៈសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថា «ទិវាអូហ្សូនពិភពលោក» ជាព្រឹត្តិការណ៍ប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជា​សាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដី ពីកាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់​មករកស្ថានភាពដើមវិញ នៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។
ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២នេះ ជាខួបលើកទី៣៧ នៃ
«អនុសញ្ញា ទីក្រុងវីយ៉ែន ស្ដីពីកិច្ចកាពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងជាខួបលើកទី៣៥ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧ ។ ចាប់តាំងពីឆ្នាំ១៩៩៥មក លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអរសាទរដល់សមិទ្ធផល និង​វឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន។
ជំនួសមុខឱ្យវាដរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ សូមចូលរួម​អបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូន​ពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ
«ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់ ៖ សហប្រតិបត្តិការ​ជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន​ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់​បន្ថយការកើនកម្ដៅភពផែនដី។
តាមរយៈសារលិខិតដដែល ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានឱ្យដឹងថា កន្លងមកស្រទាប់​អូហ្សូន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើង​ដោយ​សារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសធាតុគីមី​ផ្សេងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ជំនាន់មុន ក្នុងនោះរួម​មាន៖ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (
CIC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HIC)។ សារធាតុទាំងនេះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល បានបន្តថា
«តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា​ជាសកលក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ យើងបានកាត់បន្ថយ និងឈានទៅលុបបំបាត់​សារធាតុបំផ្លាញស្រទាប់រូបខ្លួន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការ​គំរាម​កំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ ជាក់ស្ដែងក្នុងន្លោះឆ្នាំ១៩៩០ ដល់ ២០១០ ពិភព​លោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ ១៣៥ពាន់​លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផលចាប់ពីឆ្នាំ២០០០ ស្រទាប់​អូហ្សូន បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី១ ទៅ ៣% ក្នុងមួយឆ្នាំ ដែលការភ្ជិតទាំង​ស្រុង​នឹង​អាចកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតមកវិញនៃស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹង​អាច​ទប់ស្កាត់ការកើនកម្ដៅភពផែនដី តាមរយៈការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ផងដែរ»
ឯកឧត្តមបានថ្លែងថា ដោយសារកិច្ចសហប្រតិបត្តិការពហុភាគីជាសកលដ៏មានប្រសិទ្ធភាពនេះ បច្ចុប្បន្នស្រទាប់អូហ្សូន កំពុងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយអាច​បំពេញ​តួនាទីស្នូលក្នុងការជួយការពារមនុស្សជាតិពីកាំរស្មីអ៊ុលត្រាវីយូឡេដ៍ របស់ព្រះ​អាទិត្យ ជាពិសេសការពារមនុស្សរាប់លាននាក់ពីជំងឺមហារីកស្បែក និងជំងឺភ្នែកឡើងបាយ។
ជារួមការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មនានា មិនត្រឹមតែបានជួយការពារ​ស្រទាប់​អូហ្សូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធអេកូឡូស៊ី​សំខាន់ៗ ដែលទ្រទ្រង់ជីវិតនៅលើភពផែនដី និងបានជួយកាត់បន្ថយល្បឿននៃការ​ប្រែប្រួល​អាកាសធាតុ។ ជាការពិតប្រសិនបើសារធាតុបំផ្លាញស្រទាប់អូហ្សូនមិនត្រូវបានហាមឃាត់នោះទេ កម្ដៅ​ភព​ផែនដីប្រាកដជាមានការកើនឡើងបន្ថែមប្រមាណ ២
,°C នៅចុងសតវត្សរ៍នេះ ដែលជា​គ្រោះមហន្តរាយដ៏ធំធេងសម្រាប់ពិភពលោក។ ដោយសារពិធីសារម៉ុងរ៉េអាល់ ពិភពលោក​បានរួមគ្នាបញ្ឈប់ការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ ពីការធ្លុះធ្លាយនៃស្រទាប់​អូហ្សូន។ នេះគឺជាជោគជ័យដ៏ធំធេងបំផុតនៃសន្ធិសញ្ញាបរិស្ថានសកល ដែលផ្តល់ជាគំរូ​យ៉ាងប្រត្យក្សសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាអន្តរជាតិ ក្នុងការដោះស្រាយ​បញ្ហាប្រឈមជាសកលនានានៅក្នុងវិស័យបរិស្ថាន រាប់ទាំងការប្រែប្រួលអាកាសធាតុផង​ដែរ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជា ចូល​រួម​យ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលនេះ ដោយបានបញ្ឈប់ការប្រើប្រាស់​សារធាតុ​ក្លរ៉ូភ្លុយអរ៉ូកាបូន (
CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការ​គ្រប់គ្រង​សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ច ដែលមានចែង​ក្នុងពិធីសារម៉ុងរ៉េអាល់។
ទន្ទឹមហ្នឹងនេះ រាជរដ្ឋាភិបាលក៏កំពុងត្រៀមរៀបចំផែនការ​គ្រប់គ្រងសារធាតុហាយដ្រូភ្លុយ​អរ៉ូកាបូន (
HFCs) ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថា ការកើន​កម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,°C នៅចុងសតវត្សរ៍នេះ តាមរយៈការ​ត្រួតពិនិត្យ និងកាត់បន្ថយ ការប្រើប្រាស់សារធាតុនេះ។ កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់​កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់​ការប្រើប្រាស់បណ្តាសារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលកម្ដៅ​សកលខ្ពស់។
ការកាត់បន្ថយនូវការប្រើប្រាស់សារធាតុ
HFCs ក្រោមវិសោធនកម្មទីក្រុងគីហ្គាលី រួមជាមួយ​នឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយការកើនកម្ដៅភពផែនដីទ្វេដង ហើយក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច-សង្គម និងបរិស្ថានផងដែរ។ នេះគឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់សេដ្ឋកិច្ចកម្ពុជាផង និងសម្រាប់ការដោះស្រាយបញ្ហា​ប្រែប្រួលអាកាសធាតុសកលផង។
បន្ថែមពីនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា
«ថ្វីត្បិតតែយើងបានចាត់វិធានការជា​ច្រើន​រួចមកហើយក៏ដោយ ក៏នៅមានការងារជាច្រើនទៀតដែលត្រូវបន្តធ្វើដើម្បីលើកកម្ពស់​ការ​យល់ដឹងជាសាធារណៈ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើ​ឧបករណ៍​ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប ឬសូន្យ។ ទន្ទឹមនេះយើងត្រូវរៀបចំបទប្បញ្ញត្តិផ្សេងៗទៀត ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនេះ​ឱ្យកាន់​តែល្អប្រសើរ រួមមានការធ្វើឱ្យប្រសើរឡើងនូវកូដអគារស្តង់ដារប្រសិទ្ធភាពថាមពល និងដំណោះស្រាយបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាពថាមពលខ្ពស់»
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានបង្ហាញក្តីសង្ឃឹមថា "ស្មារតីនៃទិវាអូហ្សូន​ពិភពលោក​នេះ ក្លាយជាក្តីសង្ឃឹមជាអមតៈ និងជាចលករជំរុញឱ្យប្រជាជាតិទាំងអស់ ក្នុងការ​បន្តចូលរួមទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ក៏ដូចជាដោះស្រាយបញ្ហាបរិស្ថានសកលនានា រាប់ទាំងការប្រែប្រួលអាកាសធាតុផង សំដៅធានាឱ្យបាននូវគុណភាពបរិស្ថានល្អប្រសើរ សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព និងសុខដុមរមនា សម្រាប់​មនុស្សជាតិ​គ្រប់ជំនាន់៕




SHARE

Author: verified_user