សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

SHARE

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពី​តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិ​អប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹង​ការរុះរើសំណង់​ចេញ​ពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់​អាជ្ញាធរជាតិ​អប្សរា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើសំណង់​ចេញ​ពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបានមានប្រសាសន៍តំបន់រមណីយដ្ឋានអង្គររបស់យើង សម្តេចព្រះបរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ជាពិសេសលើ​ព្រះរាជ​កិច្ចការពារ និងថែរក្សា។ ព្រះអង្គបានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្ដេចបានគាំទ្រទាំងស្រុង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា តំបន់រមណីយដ្ឋានអង្គរពេល​ដាក់​ចូល​បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ហើយនោះ ត្រូវតែអនុវត្តន៍​តាម​លក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។សម្តេចតេជោបានមានប្រសាសន៍ថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់​សម្រាប់​ការ​រក្សាសម្បត្តិវប្បធម៌របស់ដូនតាយើង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងទ័ពឱ្យជួយដឹកជញ្ជូនសម្ភារៈ​ប្រជាពលរដ្ឋ​ដែលរុះរើពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ សម្តេចតេជោ ក៏បាន​ប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋព្រមរុះរើសំណង់ទាំង ១
,១១៧គ្រួសារ រួមមានអង្ករ ៥០គីឡូក្រាម មី ៦កេសតូច ត្រីខ ១កេសធំ ថវិកា ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ ១លានរៀល។ សម្តេចតេជោ ហ៊ុន សែន ប្រកាស​ឧបត្ថម្ភ​ស័ង្កសី​ជូន​ពលរដ្ឋមួយគ្រួសារ ៣០សន្លឹក និងថវិកាសម្រាប់ធ្វើបង្គន់អនាម័យ​ចំនួន២០ម៉ឺងរៀល។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌(ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមាន​ផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកនេះ។ សម្តេចតេជោក៏បានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់​ចែង​រៀបចំបណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រម​ផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់​សុពល​ភាព ១០ឆ្នាំ ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិ​ធម្មជាតិ​រុនតាឯកនេះ និងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិនេះ ដែលមាន​ប្រវែង​សរុប ១៤០គីឡូម៉ែត្រ  ខណ:ដែលបច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។ សម្តេចតេជោក៏ណែនាំឱ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចាប់ផ្តើមតប្រព័ន្ធទឹកស្អាតជូន​ពលរដ្ឋ​ភូមិធម្មជាតិរុនតាឯក នេះ ដែលត្រូវចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យខាងអគ្គិសនីកម្ពុជាក៏ត្រូវរៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់បក្សនយោបាយកុំប្រើរឿងដោះ​ស្រាយបញ្ហា​នៅ​តំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញផ្នែកនយោបាយ ព្រោះជាតម្រូវការរបស់​ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ៕



SHARE

Author: verified_user