សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

SHARE


 នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
តាមរបាយការណ៍ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០​អង្គ/នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្សលើកទី០៦ នេះ។ សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះសាសនាទាំងបីដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ។ នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសយកថ្ងៃទី ២០ខែសីហា ជារៀងរាល់ឆ្នាំប្រារព្ធនៅទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះ​បី​បច្ចុប្បន្ន​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ ហើយ​បាន​ និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ។សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន​បើ​គ្មាន​ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់​យើង​គេ​អាច​បក​ស្រាយ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។ នៅថ្ងៃនេះ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។ សម្តេចតេជោបានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕ អរគុណសន្តិភាព



SHARE

Author: verified_user