គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

SHARE

គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍កម្ពុជា២០២២-២០៣០ នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួម​ចំណែកដល់ការទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់​ប្រជាជននៅកម្ពុជា ដោយបានផ្សារ ភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។
ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយ​តប​ទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹង​ក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍​ប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។
គោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវា​ប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា​២០២២-២០៣០ មានគោលបំណង ពង្រឹង និងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបាន​ទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំង គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុង​វិស័យ​ប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់​ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
គោលនយោបាយកំណត់គោលដៅ ចំនួន៤រួមមាន៖
១៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់​គុណភាព​សេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់
២៖ ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញ​ប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់​បច្ចេកវិទ្យាឌីជីចល
៣៖ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត
៤៖ លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍។
ដើម្បីសម្រេចបានគោលដៅ និងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ យុទ្ធសាស្រ្ត សំខាន់ៗចំនួន ៨ត្រូវបានកំណត់ឡើង។ យុទ្ធសាស្ត្រទាំងនោះរួមមាន៖
១៖ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍
២៖ បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងការពារផលប្រយោជន៍​របស់អ្នកប្រើប្រាស់
៣៖ លើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការ​អាជីវកម្ម​ប្រៃសណីយ៍
៤៖ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍ និងជំរុញការ​ធ្វើបរិវត្តកម្ម ឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ សេវាកម្ម និងបណ្ដាញ​ប្រៃសណីយ៍
៥៖ គ្រប់គ្រងឱ្យបានល្អប្រសើរនូវការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់​ផ្នែកឯកជន
៦៖ ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើប្រតិបត្តិការ អាជីវកម្ម
៧៖ បង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រការផ្តល់សេវា​សាធារណៈ របស់រាជរដ្ឋាភិបាល
៨៖ ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។ យុទ្ធសាស្រ្តនីមួយៗ គឺមានសកម្មភាពអាទិភាព ដែលជាគម្រោងអនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។
ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួនាទីសហការ និងសម្របសម្រួលជាមួយ​ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីអនុវត្ត​សកម្មភាព អាទិភាពឱ្យសម្រេចបានតាមយុទ្ធសាស្រ្តខាងលើ ក្រោមប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃដោយមានការកំណត់សូចនាករគោលដៅ ដែលអាចវាស់វែងបាន។
ជាមួយនឹងការអនុវត្តន៍នូវគោលនយោបាយនេះ គឺទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់ សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាជន និង​ធ្វើ​ឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្ដានុពលពេញលេញ ជាវិស័យចូលរួម​ចំណែក​គាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕ អរគុណសន្តិភាព


SHARE

Author: verified_user