ភ្នំពេញ៖ (by ThmeyThmey) សារព័ត៌មានវៀតណាមផ្លឹស សរសេរដូច្នេះថា៖«ក្រសួងការបរទេសវៀតណាម
និងទីភ្នាក់ងារតំណាងវៀតណាមនៅកម្ពុជា កំពុងបន្តឃ្លាំមើលយ៉ាងដិតដល់
លើស្ថានភាពនៃពលករវៀតណាមនៅកម្ពុជា»។
សរសេរព័ត៌មាននេះ បន្តទៀតថា៖«ក្រសួងការបរទេសវៀតណាម
និងទីភ្នាក់ងារតំណាងវៀតណាមនៅកម្ពុជា ក៏កំពុងសហការជាមួយអាជ្ញាធរកម្ពុជា
និងអាជ្ញាធរវៀតណាមផងដែរ ដើម្បីទទួលបានព័ត៌មាន ជួយសង្គ្រោះ អនុវត្តវិធានការការពារ
និងនាំពលករវៀតណាម ដែលរងការចាញ់បោកឲ្យទៅធ្វើការនៅកម្ពុជា បានធ្វើមាតុភូមិនិវត្តវិញ»។
សារព័ត៌មានវៀតណាមខាងលើ បានរំលេចករណីជាក់ស្តែង
ទាក់ទងនឹងពលករវៀតណាម ដែលចូលទៅធ្វើការនៅកាស៊ីណូ The Rich World ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។
កាលពីថ្ងៃទី១៨ ខែសីហា មានពលករវៀតណាម៤០នាក់ទៀត
(ស្រ្តី៥នាក់) បានរត់គេចចេញពីកាស៊ីណូ The Rich World ហើយពួកគេ
បាននាំគ្នាហែលឆ្លងទន្លេ ប៊ិញ គី (Binh Ghi) ចូលទៅវៀតណាម។
ក្នុងចំណោមពួកគេ មានម្នាក់បានស្លាប់ ដោយសារលង់ក្នុងទន្លេ និងមានម្នាក់ទៀត
ត្រូវកងកម្លាំងយាមការពារកាស៊ីណូចាប់បាន។
បន្ទាប់មក នៅថ្ងៃទី១ ខែកញ្ញា អាជ្ញាធរវៀតណាម
បានទទួលប្រជាពលរដ្ឋខ្លួន២៦នាក់ (ស្រ្តី៣នាក់) ពីអាជ្ញាធរកម្ពុជា។
ក្នុងចំណោមពួកគេទាំង២៦នាក់ មាន១១នាក់ ធ្វើការនៅកាស៊ីណូ The Rich
World។ អ្នកទាំង១១នាក់នោះ បាននាំគ្នារត់គេចចេញពីកាស៊ីណូដោយខ្លួនឯង។
ពួកគេ អះអាងថា ពួកគេ
ត្រូវបានបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរ ដោយគ្មានទទួលបានប្រាក់ខែ ទើបពួកគេ សម្រេចចិត្តនាំគ្នារត់គេចទៅវៀតណាម។
នេះបើតាមការដកស្រង់របស់សារព័ត៌មានវៀតណាមផ្លឹស។ កាលពីថ្ងៃទី១៨ ខែសីហា គេ
ពិតជាបានឃើញវីដេអូលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពបុគ្គលិកមួយក្រុម
នាំគ្នាបុកសម្រុករត់ចេញពីកាស៊ីណូ The Rich World។
ក្រុមបុគ្គលិកទាំងនោះ ត្រូវគេដឹងថា ភាគច្រើនជាជនជាតិវៀតណាម។ សម្តេច ស ខេង
ប្រាប់អ្នកកាសែតថា មនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងករណីកាស៊ីណូ The Rich
World ដោយមានទាំងមេការផងដែរ ត្រូវបានឃាត់ខ្លួន។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា
ដែលមានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ
បានប្រឹងប្រែងកាន់តែខ្លាំងក្នុងការបង្ក្រាបអំពើជួញដូរមនុស្ស
អំពើជួញដូរកម្លាំងពលកម្ម និង អំពើជួញដូរផ្លូវភេទ។ ការខ្នះខ្នែងរបស់កម្ពុជា
កើតឡើងបន្ទាប់ពីអាម៉េរិក
ដាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសដែលមានអំពើលួចជួញដូរមនុស្សធ្ងន់ធ្ងរ
កាលពីខែកក្កដា ឆ្នាំ២០២២។សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច
ចុះត្រួតពិនិត្យកន្លែងរស់នៅរបស់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា
ដើម្បីរុករកបទល្មើសទាំងនេះ។ លើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ
ដែលរួចផុតការត្រួតពិនិត្យ។
របាយការណ៍ ដែលបញ្ចេញដោយសម្តេច ខេង នាពេលថ្មីៗនេះ
បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ អាជ្ញាធរកម្ពុជា
បានរកឃើញអំពីជួញដូរមនុស្ស និងអំពីជួញដូរកម្លាំងពលកម្មជាង៨០ករណី
ដោយមានជនបរទេសជាជនរងគ្រោះជិត៩០០នាក់ ត្រូវបានជួយសង្គ្រោះ និងជនល្មើសជាង៨០នាក់
ត្រូវបានឃាត់ខ្លួន៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments
