ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តអញ្ជើញចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន១០,៧០០ គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញ

SHARE

 


ខេត្តត្បូងឃ្មុំ៖ ផ្តើមចេញពីការគិតគូយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សុខ​ទុក្ខរបស់ពលរដ្ឋ ជាពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ រួមនិងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីស្រែស្រូវ​របស់​ប្រជាកសិកររងការខូចខាតដោយទឹកជំនន់ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តអញ្ជើញ​ចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន១០,៧០០ គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករ​អាទិភាព​មានដី​ស្រែអាចស្ដារឡើងវិញបាន ចំនួន ១០៧ គ្រួសារ ក្នុងចំណោមគ្រួសារដែល​មានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ក្នុងឃុំត្រពាំងព្រីង និងឃុំសេដា ស្មើនឹង ៦ភូមិ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីចុះជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តជនីរង្សី (ហៅវត្តកំពង់រាំង) ស្ថិតនៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បងឃ្មុំ ដោយមានការ​អញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានអនុ-ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជា​កសិករ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ថ្លែងទៅកាន់បងប្អូនប្រជាសិករ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាន​លើក​ឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែ​អាច​ស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់​ទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយ​បារម្ភ​ដល់​បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ក្នុងរយៈពេលដែលប្រជាពលរដ្ឋ ទទួលរងនៅការ​លំបាក​ចំពោះគ្រោះទឹកជំនន់ រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យមានសុខសត្ថិភាព ថែមទាំងបាន​ផ្ដល់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់​អាហារ​ស្លាប់ដល់ពុំបានដឹងឮពីអាជ្ញាធរឡើយ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តខិតខំ អនុវត្ត​នៃយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការជំរុញការអភិវឌ្ឍន៍​សង្គម និងសេដ្ឋកិច្ចជាតិ រក្សាបាននៅសន្តិសុខស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ និងកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងបានដោះស្រាយបញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់នេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និង​ណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល បើសិន​មានចម្ងល់បន្ថែមជាមួយបញ្ហាពូជស្រូវទាំងនេះ បងប្អូនប្រជាកសិករ អាចសួរបានតាម​រយៈ​មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម ខេត្ត ដែលតែងតែនៅក្បែរបងប្អូន ក្នុងការស្ដារស្រែស្រូវឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមាន​សុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការ​ប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


 

SHARE

Author: verified_user