សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

SHARE


នៅព្រឹក ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត។

និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១​ក្នុងនោះក៏មាននិស្សិតថ្នាក់​បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០​នាក់ នារី ៤៧នាក់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោត​សរសើរ​ដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការ​ផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំរហូតទទួលបានជោគជ័យក្នុងការអប់រំនិស្សិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ ថា មកដល់ពេលនេះពលរដ្ឋបានយល់ដឹងច្បាស់​អំពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត ដែលវិធានការដាក់ចេញនោះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ។ ដល់ពេលនេះ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសឈានមុខលើ​ការងារ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើតបានភាពសាំខ្ពស់ក្នុងសង្គម ដែលអាចបើកដំណើរការប្រទេស​ជាតិឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានចំណេះជំ​នាញជាបន្តបន្ទាប់។ សម្តេចពិតជាមានមោទនភាពចំពោះការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការ​ផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  គោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាល​បច្ចុប្បន្ននេះ គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ថា ឃុំ១យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១ ហើយបច្ចុប្បន្ននេះឃុំខ្លះ មានវិទ្យាល័យច្រើនជាង១ទៀតផង ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់​ទីកន្លែង មិនមានខ្វះខាតសាលារៀនដូចពីអតីតកាលទៀតឡើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់​ចេញនូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិថ្លែងលើបញ្ហានានា ជាពិសេសថ្មីៗនេះ ដែលសម្តេចមាន​ការលើកឡើងពីការប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅតំបន់រុនតាឯក ដែលមានបុគ្គលមួយចំនួនថា សម្ដេចកំពុងយកឱកាសស្វែងរកសំឡេងឆ្នោត។ សម្ដេចតេជោបានមានប្រសាសន៍ ថាមិនមែនជាការស្វែងរក​សំឡេងឆ្នោតអ្វីទេ តែនេះជាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់មកហើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរថា កុំរងចាំតថ្លៃសំណង​ជាមួយ​រាជរដ្ឋាភិបាល។ ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ គឺមិនថមថយនោះទេ ប្រសិនបើដល់ថ្ងៃ​ឱសានវាទហើយប្រជាពលរដ្ឋមិនមានការរុះរើ ឬក៏មិនព្រមទទួលនូវការអនុវត្តរបស់រាជរដ្ឋាភិបាល នឹងមិន​ទទួលបានសំណងអ្វីឡើយ។ ដូច្នេះ សូមពលរដ្ឋគិតឱ្យបានច្បាស់ទាន់រដ្ឋាភិបាលកំពុងមានការថ្នាក់ថ្នម ពីព្រោះពេលនេះពលរដ្ឋដែលបានចាកចេញ គឺទទួលបាននូវអត្ថប្រយោជន៍ច្រើនណាស់។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យនិស្សិតដែលទទួលជ័យលាភីទាំងអស់នាថ្ងៃនេះ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ទាំងក្នុងការបន្តការសិក្សា និងការទទួលបានការងារ​ល្អៗ​ទៅតាមជំនាញនាពេលខាងមុខ៕

SHARE

Author: verified_user