ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

SHARE


ភ្នំពេញ៖ ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Ryoji Fujita អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងសហការី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែង អំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានជម្រាបជូនអំពី​សំណើ​របស់​ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញ​លើក​ទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បី​កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុង​បរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)​នៅឆ្នាំ២០៥០ ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និង សហការី និងបានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំ​រោងចក្រ​ដំឡើង រថយន្តនៅក្នុងប្រទេសកម្ពុជាដែលជាការចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​ក្នុងការបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំង​លើក​កម្ពស់វិស័យយានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការគាំទ្រនៅក្នុងការបន្ធូរបន្ថយ​ពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើង​ខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង​ជំរុញការ​ប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់​បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី​នៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមាន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការ​ជាមួយ​ក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបាន​ច្រើន​បន្ថែម​ទៀតទូទាំងផ្ទៃប្រទេស។

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ​សម្រាប់​យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់​សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំង​ប្រទេស​ព្រមទាំងបន្ត​ការកែ​លម្អ​ឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់​អតិថិជន​ទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការ​និយម​ប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕


 

SHARE

Author: verified_user