កញ្ឆែត៖ មានឈ្មោះវិទ្យាសាស្ត្រ Neptunia oleracea Lour ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំនៅតាមទីជនបទ ស្រុកស្រែចម្ការ តាមស្រះ ត្រពាំង ប្រឡាយ ព្រែក។ល។ និងមានដុះនៅគ្រប់ប្រទេសដែលមានអាកាសធាតុក្ដៅ។ ជារុក្ខជាតិដុះនៅលើទឹក មានតួដើមប្រវែង១-១,៥ម។ ចុងដើមងើបឡើងពីផ្ទៃទឹក។ តាមថ្នាំង តួដើមមានឫសចាក់ទៅក្នុងទឹក។ ស្លឹក និងផ្កា លេចចេញពីទឹក មានស្នោពណ៌សរុំព័ទ្ធដើម។ ស្លឹករួមស្និត ស្និតមាន២-៣គូ។ កញ្ចុំផ្កាជាដុំមូល (capitate) មាន៣០-៥០ផ្កា នៅផ្នែកក្រោមកញ្ចុំផ្កាមានតែផ្កាគ្មានភេទ។ ផ្កាទ្វេភេទ មាននៅ ផ្នែកលើ ហើយផ្កានីមួយៗមានត្របកផ្កា ៥ជាប់គ្នា មានស្រទាប់ផ្កា៥ កេសរឈ្មោល ១០ និងកេសរញី១ ផ្កាមានទង។ ផ្លែជាគ្លូស្ស សំប៉ែតមានទង គ្រាប់មាន៤-៨ រាងពងក្រពើ សំប៉ែត។ លក្ខណៈជីវសាស្ត្រ ពីថ្នាំងមួយទៅថ្នាំងមួយ ជាលិកានៃសម្បកតួដើម អាចសម្រួលការដឹកជញ្ជូនអាសូត (Nitrogen) ទៅផ្នែកទាំងអស់នៃដើម។ រុក្ខជាតិនេះលូតលាស់រហ័ស ដុះលុកលុយ លើរុក្ខជាតិឯទៀត កាត់បន្ថយគុណភាពទឹក បាំងពន្លឺថ្ងៃ និងកាត់បន្ថយបរិមាណ អុកស៊ីហ្សែនក្នុងទឹក។ ការប្រើប្រាស់៖ ជាបន្លែ៖ ដើមខ្ចីៗសម្រាប់យកទៅធ្វើជាបន្លែ និងអន្លក់ ។ ជាឱសថ៖ ស្លឹកមានលក្ខណសម្បត្តិជាឱសថមួយ ក្នុងការព្យាបាលជំងឺរលាកថ្លើម (hepatitis)។ រុក្ខជាតិនេះមានជាតិកាល់ស្យូម (calcium) ច្រើន ដូច្នេះដើមកញ្ឆែត អាចជាអាហារមួយដ៏មានតម្លៃ៕ ប្រភព៖ ក្រសួងបរិស្ថាន


