អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ
នៅថ្ងៃទី១ ខែសីហា បានរងបទចោទចំនួន ៤ករណីបន្ថែមលើករណីសមគំនិតឆបោក និងរារាំង
ពាក់ព័ន្ធនឹងការបង្កឱ្យមានចលាចលដល់ការបោះឆ្នោត នៅក្នុងឆ្នាំ២០២០។តាមការចោទប្រកាន់លើកចុងក្រោយ
ដែលមានកម្រាស់ ៤៥ទំព័រ លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ត្រូវបានលោក Jack
Smith រដ្ឋអាជ្ញាពិសេស ចោទពីករណីចំនួន ៤ ក្នុងនោះមានដូចជា បទសមគំនិតបន្លំអាម៉េរិក
និងសមគំនិតលើការរារាំងដល់ដំណើរការសភាអាម៉េរិកទាំងពីរថ្នាក់
ក្នុងការបញ្ជាក់ពីជ័យជម្នះរបស់លោក ចូ បៃឌិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។
«គោលបំណងនៃបទសមគំនិតនេះ
គឺធ្វើឱ្យមានចលាចលដល់លទ្ធផលស្របច្បាប់នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០
តាមរយៈការទាមទារដោយខុសលើការបោះឆ្នោត»។ ដីកាចោទធ្វើដោយលោក Smith បានបញ្ជាក់បែបនេះ ដោយបន្តថា
បើទោះចាញ់ការបោះឆ្នោតក៏ដោយ លោកត្រាំ នៅតែប្តេជ្ញាចង់បន្តកាន់អំណាចដដែល។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ទន្ទឹមនេះ ដីកាខាងលើ បានបន្ថែមទៀតថា ក្រោយការបោះឆ្នោតប្រធានាធិបតីអាម៉េរិកជាងរយៈពេល២ខែ
លោកត្រាំ បានផ្សព្វផ្សាយពាក្យកុហក ជុំវិញការបន្លំសន្លឹកឆ្នោត និងជ័យជម្នះរបស់លោក។
ត្រង់ចំណុចនេះ លោក Smith បានចាត់ទុកជាការយល់ខុស។ជាការឆ្លើយតប
លោកត្រាំ បានសរសេរលើបណ្តាញសង្គមរបស់ខ្លួន ដោយចោទសួររដ្ឋអាជ្ញាពិសេសថា
ហេតុអ្វីបានជាមិនមានការចោទប្រកាន់លើរូបលោកកាលពីពេលជាង ២ឆ្នាំមុន។ ជុំវិញបញ្ហានេះ
លោកត្រាំបានអះអាងថា រដ្ឋអាជ្ញាពិសេសអាម៉េរិក
ចង់លូកដៃក្នុងយុទ្ធនាការឃោនាបោះឆ្នោតរបស់ខ្លួន។ លោកត្រាំ
ជាបេក្ខជនប្រធានាធិបតីនាំមុខមួយសម្រាប់បក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក
ឆ្នាំ២០២៤។
គួររំឭកថា កន្លងមក លោកត្រាំ ត្រូវបានលោក Smith ចោទពីបទមិនទុកដាក់ឯកសាររដ្ឋាភិបាលអាម៉េរិកបានត្រឹមត្រូវ
រួមទាំងប្រឈមមុខនឹងការជំនុំជម្រះក្តីពាក់ព័ន្ធនឹងការផ្តល់លុយទៅតារាស្រីអាសអាភាសផង៕
by Thmey Thmey
