រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ។
វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈ ការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និង ការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលប់បំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន កសិដ្ឋាន រោងចក្រសហគ្រាស និង អង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និងសេដ្ឋកិច្ចចក្រា គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព ការអនុវត្តគោលនយោបាយការទូតបៃតង ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតងជាដើម ។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើមូលដ្ឋាន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីកំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងពិធីនោះក៏មានការប្រគល់មេដាយជូនថ្នាក់ដឹកនាំ ដូចជា ប្រគល់មេដាយជាតូបការ ជូនឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕











