អភិបាលរាជធានីភ្នំពេញ ជម្រុញអោយមន្ទីរកសិកម្ម និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ និងមើលថែ​ដើម​ឈើអោយបានល្អ

SHARE

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង បានជម្រុញអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ មើលថែដើមឈើគ្រប់​ប្រភេទដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញអោយបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋអោយពួកគាត់ចេះ​ស្រលាញ់និងមើលថែដើមឈើផង កុំសម្លាប់ដើមឈើ។
ការជម្រុញបែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីដាំ​ដើម​ឈើ​អបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌក់បូល រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំ​សម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានា​ទូទាំង​ប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនូវជំងឺ​កូវីដ-១៩ ។ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធាន ការ៣ និង៣ការពារ ដើម្បីទប់ស្កាត់ ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិត​ប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាព​បណ្តុះ​កូនឈើ និងចែក ចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យក​ទៅ​ដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំ​គ្នាប្រារព្ធពិធីប៉ុណ្ណោះ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញ យើងបានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន ។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុង​ការពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើរបស់​យើង នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើអោយបានម៉ត់ចត់។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី​ភ្នំពេញ បានកំណត់យកបរិវេណ វត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធី ឆ្នាំនេះ យើងដាំដើម​ឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិល​បារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ដើម លើសពីនេះ យើង បានដាំដើមឈើចំនួន ៣ ១១៦ដើម ទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើ​ជាច្រើនប្រភេទ ចំនួនប្រមាណ ៣០០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅ​ដាំ ដែល សម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ យើងមានកូនឈើទុកត្រៀមសម្រាប់ចែកជូន​ដល់​សាលា រៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០ ០០០ដើម៕ អរគុណសន្តិភាព











SHARE

Author: verified_user