កីឡា ៣៩ប្រភេទ និងកីឡាសម្ដែង១ ត្រូវបានអនុម័តដាក់ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

SHARE
ភ្នំពេញ៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចអនុម័តលើកីឡា ៣៩ប្រភេទ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្រោយបញ្ចប់កិច្ចប្រជុំថ្ងៃទី៣ នៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ប្រភេទកីឡា ៣៩ប្រភេទ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំខាងលើ រួមមានកីឡាអត្តពលកម្ម និងកីឡាក្នុងទឹក ដែលជាប្រភេទកីឡាកាតព្វកិច្ច ស្ថិតក្នុងប្រភេទកីឡាចំណាត់ថ្នាក់ទី១។ រីឯកីឡា ៣១ប្រភេទទៀត ត្រូវបានសម្រេចដាក់ក្នុងប្រភេទកីឡាទី២ ដែលរួមបញ្ចូលគ្នា រវាងប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី គឺមានកីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, ប្រណាំងទូកប្រពៃណី, អុក (អុកចត្រង្គ និងអុកចិន), គ្រីឃីត, ទោចក្រយាន (កង់គួក និងកង់ភ្នំ), កីឡារាំ, បាល់ទាត់, គុនដាវ, ហែលទឹកជើងទា, វាយកូនគោល, កាយសម្ព័ន្ធ, ហុកគី, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, បញ្ចសីលា, សូហ្វតេន្នីស, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់, ចំបាប់ និងកីឡាវ៉ូស៊ូ។
ចំណែកប្រភេទកីឡាចំណាត់ថ្នាក់ទី៣ គឺជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណី មានកីឡា ៦ប្រភេទ រួមមានកីឡាកាយវប្បកម្ម, កីឡាអេឡិចត្រូនិក, កីឡា Floorball, ម៉ូតូទឹក, យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, តេក្វាន់ដូ ITF, វ៉ូវីណាម) និងកីឡាឧបសគ្គ។ ឯចុងក្រោយ គឺការបូកកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ដែលជាប្រភេទកីឡាមិនស្ថិតក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ។ Demonstration Sport ដែលត្រូវបានដាក់លើកដំបូង គឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «ចំពោះចំណុចសំខាន់ៗ ដែលកម្ពុជាទទួលបានក្នុងកិច្ចប្រជុំ គឺកម្ពុជាទទួលបានការអនុម័តលើ ៣៩ប្រភេទកីឡា និងប្រភេទកីឡាសម្ដែងមាន១។ ប្រភេទកីឡាដែលយើងបានធ្វើការកំណត់មាន ៣៩ប្រភេទកីឡា និងមានកីឡាសម្ដែង (Demonstration) ១ប្រភេទ ហើយយើងទុក៥ ប្រភេទទៀត ដែលគេសំណូមពរឲ្យយើងទុកជាការពិចារណា។ បើអាចយើងដាក់ បើមិនអាច យើងអត់ដាក់ឡើយ»។
«អ៊ីចឹងក្នុង ៣៩ប្រភេទកីឡានេះ ដោយសារយើងបង្រួមចូលគ្នា លើប្រភេទកីឡាមួយចំនួន ៦ប្រភេទកីឡាឲ្យចូលទៅក្នុងក្រុមកីឡាយុទ្ធគុនចម្រុះ ដូចជាល្បុក្កតោ, Arnis, វ៉ូវីណាម ជាដើម យើងច្របាច់ចូលមួយក្រុម។ អ៊ីចឹងយើងទទួលបានចំនួនមួយច្បាស់លាស់។ ប្រភេទកីឡាទាំងអស់ ប្រទេសទាំងអស់សប្បាយចិត្តដោយសារយើងបានដាក់សឹងតែទាំងអស់នៃប្រភេទកីឡារបស់គេទៅហើយ។ អ៊ីចឹងគេសប្បាយចិត្ត គេថាលើកទី១ កម្ពុជាធ្វើ ប៉ុន្តែកម្ពុជាមានបេះដូងធំ អាចផ្ដល់ឲ្យគេនូវទំនុកចិត្តក្នុងការដាក់បញ្ចូលប្រភេទកីឡាទាំងអស់បាន»។ អគ្គលេខាធិការខាងលើបន្ថែម។
សូមបញ្ជាក់ថា កីឡា ៥ប្រភេទ ដែលកម្ពុជាបម្រុងទុកសម្រាប់ការស្នើសុំពីបណ្ដាប្រទេសសមាជិក គឺមានកីឡាបាញ់កាំភ្លើង កីឡា Kurash, កីឡាកាយសម្ព័ន្ធ (វិញ្ញាសា Rythmic), កីឡាអុកអន្តរជាតិ និងកីឡាបាញ់ធ្នូ៕ អត្ថបទ FN


















SHARE

Author: verified_user