រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលមហាវិថីឈ្នះឈ្នះ ប្រវែងជាង៧គីឡូម៉ែត្រ អោយរួចរាល់នៅមុន ការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២៣

SHARE


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧​គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍និងលើកសោភណ្ឌភាព​រាជធានីភ្នំពេញអោយកាន់តែមាន​ភាពស្រស់​ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ២០២២នេះជាមួយ មន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានី​ភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញអោយស្អាត ជាមួយ​និងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើង​ធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្ដម ឃួង ស្រេង បានជម្រុញអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួស​ជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនិងការដាក់លូ ដែលអាចអោយ​ទឹកហូរ មិនមានដក់លើផ្លូវ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែក រួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់ ដាក់ព័ន្ធលូចាប់​ពី​គល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសង​ខាង​ផ្លូវ ជាមួយនិងការ ការងារគូសគំនូសសញ្ញាចរាចរណ៍ តម្លើងផ្លាកសញ្ញាចរាចរណ៍ តម្លើងបង្គោលអគ្គិសនី​បំភ្លឺផ្លូវនៅ​តាមបណ្ដោយសងខាងផ្លូវនិងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុង​បង្អួតរាង​យ៉ាងថ្មីសន្លាង ស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារ​វិស័យ​ទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕ អរគុណសន្តិភាព





SHARE

Author: verified_user