ច្បាប់មិនអនុញ្ញាតឲ្យរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេសទេ

SHARE

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅ​នឹង​គណបក្សនយោបាយចំនួន ៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យ​មូល​ដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលបានស្នើឲ្យរៀបចំមជ្ឈមណ្ឌល​ពិសេសសម្រាប់ការបោះឆ្នោតដោយឡែកនៅឯក្រៅប្រទេស គឺច្បាប់មិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសទេ។
លោកបន្តថា គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេស​នៅឯ​ក្រៅ​ប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅ​ជាធរមាន។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍​ប្រាប់​រស្មីកម្ពុជានៅថ្ងៃទី១៩ ខែសីហានេះថា គ.ជ.ប ត្រូវបាន កំណត់ តួនាទី និងភារកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតផ្សេងទៀតតាមច្បាប់ជាធរមាន ហើយបញ្ញត្តិនេះ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញជំពូក ១៥ថ្មី(ពីរ) ។ ពាក់ព័ន្ធការលើកស្នើឡើងរបស់គណបក្ស នយោបាយទាំង ៤ គ.ជ.ប ពុំមានអត្ថាធិប្បាយទេ។ គ.ជ.ប គឺជាស្ថាប័នអនុវត្ត រៀបចំ​ចាត់​ចែង​ការបោះឆ្នោតតាមច្បាប់ជាធរមាន ។ដូច្នេះនៅក្នុងបញ្ញត្តិដែលមានជាធរមាន គឺទាំង​នៅ​ក្នុងរដ្ឋធម្មនុញ្ញ ទាំងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់​ស្តីពីការបោះឆ្នោតផ្សេងទៀត ការបោះឆ្នោតត្រូវធ្វើដោយផ្ទាល់។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតត្រូវបោះឆ្នោត នៅការិយាល័យបោះឆ្នោត ហើយ​ការិយាល័យបោះឆ្នោត ត្រូវ កំណត់ឲ្យបង្កើតឡើងតាមឃុំ /សង្កាត់នីមួយៗ ហើយនៅ​ក្នុងឃុំ សង្កាត់ គឺជាទីតាំងរដ្ឋបាលដែលការិយាល័យបោះឆ្នោតត្រូវតាំអនៅ។ តាមបញ្ញត្តិនះមិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេស ដោយឡែកនៅឯ​ក្រៅ​ប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេស​នៅឯក្រៅប្រទេសលុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផង និងវិសោធនកម្មច្បាប់​ស្តីពីការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុង​នៅ​ជាធរមាន។ ការស្នើឡើងដោយគណបក្សនយោបាយទាំង៤នេះ គឺទី១. តម្រូវឲ្យធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ ទី២. វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោត ទាំង បោះឆ្នោតជ្រើសតាំង​សមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ និងការ បោះឆ្នោត ជ្រើសរើសឃុំ/សង្កាត់ និងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ចំណុចមួយដែលចង់បញ្ជាក់អំពីស្ថានភាព​នៃការ​អនុវត្ត​ជាក់ស្តែងពាក់ព័ន្ធទៅនិងការបោះឆ្នោតនៅក្នុងប្រទេស យើងគ្រាន់តែពិនិត្យមើល​ស្ថានភាពជាក់ស្តែងក្នុងការអនុវត្ត គ្រាន់តែការិយាល័យបោះឆ្នោតនៅក្នុងប្រទេស​វាមាន​កើតឡើងនៅបញ្ហាជាច្រើនពាក់ព័ន្ធទៅនិងការបោះឆ្នោតទៅហើយ។ ហើយនោះគឺជាការចាត់វិធានការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទាំងបរិវេណខាងក្នុង ខាងក្រៅ និងក្នុងការិយាល័យបោះឆ្នោត។ នៅក្នុងប្រទេសកើតមានបញ្ហាប្រឈមជាច្រើនទៅហើយតើការបង្កើតមជ្ឈមណ្ឌលនៅឯក្រៅប្រទេសវាអាចប្រឈមនឹងបញ្ហាអ្វីខ្លះ
? ចំណុចនេះគឺជាចំណុចដែលត្រូវពិចារណាអំពីយន្តការនៃការដោះស្រាយបណ្តឹងករណីមានភាពកើតឡើងនៅមណ្ឌលបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ។ ហើយតាមច្បាប់នៅកម្ពុជាការបោះឆ្នោត គឺត្រូវធ្វើនៅក្នុងការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅក្នុងដែនដីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បោះឆ្នោតរួចត្រូវវរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត ហើយការិយាល័យ​បោះឆ្នោត​និងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោតនៅពេលបញ្ចប់ការ បោះឆ្នោត”។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ការបង្កើតកមជ្ឈមណ្ឌលនៅក្រៅប្រទេស តើអ្នកណាជា​អ្នករៀបចំទទួលនិងដោះស្រាយបណ្តឹងក្នុងករណីមានការប្តឹងតវ៉ាឬជំទាស់នៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយករណីនេះត្រូវសិក្សាឲ្យបានច្បាស់លាស់មុននឹង​លើកឡើង​ការ​ធ្វើ​វិសោធនកម្មច្បាប់ទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់បោះឆ្នោត៕

SHARE

Author: verified_user