អភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា នេះ

SHARE

ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាស​តែងតាំង​ជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី​ភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ ឯកឧត្ដម ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរងនៃ​គណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហ៊ុន សុរិទ្ធី អតីត​អគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជាអភិបាលរង​នៃគណៈអភិបាល​រាជធានី​ភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុក​ដាក់ខ្ពស់ក្នុងការបំពេញការងារ សហការអោយបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់​ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍​លើក​ឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  តែពេលនេះយើងបាន​ប្រកាស​តែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារអោយ​បាន​ល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជ​ធានី​ភ្នំពេញ កាន់តែរីកចំរើននិងកាន់តែមានសោភណ្ឌភាព។
ឯកឧត្ដម សក់ សេដ្ឋា ក៏បានធ្វើការណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំ​ដោះស្រាយ​​បញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់​បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តធ្វើយ៉ាងណា​អោយភូមិ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្ដម សក់ សេដ្ឋា បានបន្ថែមទៀតថា ដើម្បីអោយរាជធានីភ្នំពេញ មានសោភណ្ឌភាព​កាន់តែល្អប្រសើរនោះ លោកស្នើអោយអាជ្ញាធររាជធានី គ្រប់គ្រងសំណង់អោយបា​ន​ត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់​បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាម​អោយបាន​ត្រឹមត្រូវ​និងជម្រុញអោយក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូល​សំរាម​ទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

គួរបញ្ជាក់ថា៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ ឯកឧត្ដម កើត  ឆែ
,ឯកឧត្ដម មាន ចាន់យ៉ាដា ឯកឧត្ដម ហួត ហៃ  ,លោកស្រី កែវ សុខពិសី ,ឯកឧត្ដម ស៊ុយ សេរិទ្ធ និងឯកឧត្ដម នួន ផារ័ត្ន ។តែពេលនេះត្រូវបានបន្ថែមអោយមកកាន់តួនាទីនេះចំនួន៣រូបបន្ថែមទៀត មានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបំរើ​សង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបាន​ប្រតិភូកម្ម វិស័យ​ជាច្រើនមកអោយថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវាអោយកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕


SHARE

Author: verified_user