ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៥រោច
ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង
សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ
ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព
ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងគ្រប់កម្រិត អង្គការដៃគូ អង្គការតំណាងជនមានពិការភាព
ជនមានពិការភាព និងអ្នកពាក់ព័ន្ធសរុបចំនួន ៨០នាក់។
ក្នុងរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឯម
ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ
បានបង្ហាញថា ដោយផ្អែកតាមបរិបទ ការវិវឌ្ឍន៍ស្ថានភាពសង្គមសេដ្ឋកិច្ច និងនិន្នាការកម្រិតជាតិ
តំបន់ និងសកលលោក និងដើម្បីឱ្យកាន់តែមានអនុលោមភាពពេញលេញជាមួយនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ
លើចំណុចមួយចំនួនដូចជា៖ ការកំណត់លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការបង្កើតយន្តការអនុវត្ត
ការផ្តល់និយមន័យជនមានពិការភាព ការប្រើប្រាស់ភាសានិងពាក្យពេចន៍ ការរៀបចំផាសុកវត្ថុ ការទទួលបានសេវាយុត្តិធម៌
សិទ្ធិសេរីភាព ការទទួលបានព័ត៌មាន ឱកាសការងារ មុខរបរ ជំនួយសង្គម ការរើសអើង និងការអប់រំជាដើម ។ល។
ឯកឧត្តមក៏បានបង្ហាញជូនអង្គប្រជុំផងដែរថា
សេចក្តីព្រាងច្បាប់នេះមានឈ្មោះថា “ច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព”។ ច្បាប់នេះចែកចេញជា១០ជំពូក
និង៧៥មាត្រា ដោយគ្របដណ្តប់លើការកំណត់ពិការភាព ការគ្រប់គ្រងវិស័យ កំណត់កាតព្វកិច្ចរបស់រដ្ឋ
ការផ្តល់និងទទួលសេវា ការអនុវត្តសិទ្ធិសេរីភាព និងវិធានការណ៍ផ្សេងៗ៕ ដោយ ក្រសួងសង្គមកិច្ច













