ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាចក្ខុវិស័យ
និងគោលដៅក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ដោយសមាសភាពសំខាន់ក្នុងកំណែទម្រង់
រួមមាន៖ ទី១ គុណភាពគ្រូបង្រៀន ដែលជាអ្នកសម្របសម្រួលក្នុងការសិក្សារបស់សិស្ស, ទី២ គឺកម្មវិធីសិក្សាតាមបែបបញ្ញត្តិ
ដែលរៀនមិនត្រឹមការទន្ទេញឱ្យចាំនោះទេ តែរៀនដើម្បីឱ្យសិស្សចេះត្រិះរិះពិចារណា
រកហេតុផល និងចេះប្រៀបធៀបរវាងអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល
តាមរយៈវិធីសាស្ត្របង្រៀនថ្មី ដោយបង្រៀនឱ្យសិស្សចេះធ្វើការងារជាក្រុម
មិនថាមេរៀនបែបប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រ ទី៣
គឺការវាយតម្លៃទាំងការបង្រៀនក្នុងថ្នាក់រៀន
និងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទី៤ គឺការអនុវត្តអធិការកិច្ច និងទី៥
គឺការផ្សារភ្ជាប់គ្នារវាងថ្នាក់មធ្យមសិក្សាទៅឧត្តមសិក្សា៕
បដិវត្តន៍ឧស្សាហកម្ម៤.០ នឹងបង្កើតជំនាញថ្មីៗជាច្រើន ហើយជំនាញមួយចំនួននឹងបាត់បង់
នៅក្នុងសិក្ខាសាលាអប់រំស្តីពី “អភិបាលកិច្ច
និងភាពជាអ្នកដឹកនាំអប់រំក្នុងយុគសម័យទំនើប” រៀបចំដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា
កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ
យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងបរិបទយុគសម័យបដិវត្តឧស្សាហកម្ម៤.០
ជំនាញថ្មីៗជាច្រើននឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយជំនាញមួយចំនួនក៏បាត់បង់ផងដែរ។


