សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី​ប្រារព្ធខួបលើកទី ៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម

SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​អញ្ជើញ​​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិ​វៀតណាម  និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតរវាង​កម្ពុជា-​វៀតណាម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគិត្រា នារាត្រី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយស្ថានទូត នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ប្រចាំនៅកម្ពុជា ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងថា ការរៀបចំពិធី​នាឱកាសនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងមានខ្លឹមសារជា​ប្រវត្តិសាស្រ្តសម្រាប់​ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និង​ជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេលបច្ចុប្បន្ន។សម្តេចបានសម្តែងអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង​ជាច្រើន​សន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍​កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីពេលដណ្តើមបានឯករាជ្យពីនឹមអាណានិគមនិយម រហូតបានអភិវឌ្ឍប្រទេស​ឱ្យ​មាន​ការរីក​ចម្រើនគួរជាទីមោទនៈ  ជាពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ។
ចំពោះទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ សម្តេចប្រធានរដ្ឋសភា​បាន​លើកឡើងថា តាមប្រវត្តិសាស្រ្ត ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេល​ដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧មកម្ល៉េះ ។សម្តេចបន្តថាក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើ​គ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត  និងយោគយល់ពីគ្នាទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់​សម្គាល់​ជាច្រើនរាប់មិនអស់។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរសព្វ​សាធុការ​​ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម សូមទទួល​បាននូវសេចក្តីសុខ សុភមង្គលនិងវិបុលភាពគ្រប់ប្រការ ជាពិសេសការសម្រេច​បាន​នូវ​ក្តីបំណងប្រាថ្នារបស់ខ្លូនក្នុងការប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាប្រទេស​អភិវឌ្ឍន៍និង​មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ខាងមុខ៕ អរគុណសន្តិភាព



SHARE

Author: verified_user