ខេត្តសៀមរាប៖ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីស្ថាប័នពាក់ព័ន្ធពន្លឿនការសាសង់ហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងតំបន់រុនតាឯកនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលទើបតែផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងភូមិថ្មីនេះ។ សម្តេចមានប្រសាសន៍ដូច្នេះថា« ឥឡូវសូមឱ្យទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីឱ្យតភ្លើងចូលមកក្នុងតំបន់រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធទឹក ផ្លូវកំពុងធ្វើហើយ យើងមានសាលាបឋម នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ»។ សម្តេចក៏ជំរុញឱ្យពន្លឿនសាងសង់មណ្ឌលសុខភាពបីខ្នង ដែលមានមួយខ្នងសម្រាប់ពិនិត្យជំងឺទូទៅ មួយខ្នងជាអគារសម្ភព និងមួយខ្នងទៀតជាអគារស្នាក់នៅ ២០បន្ទប់។ ចំណែកគម្រោងផ្សារ មាន៨ខ្នង ដែលសម្តេចបានហៅថា ផ្សាររុនតាឯក សម្រាប់ពលរដ្ឋរស់នៅតំបន់នេះ អាចលក់ដូរទំនិញផ្សេងៗ ដូចជា ម្ហូបអាហារ កាហ្វេ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ កាន់តែច្រើននាថ្ងៃខាងមុខ។ ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប ស្ថានភាពភូមិសាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ដោយសារនៅជុំវិញទីនោះ ជាកន្លែងដែលអាចរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបានដូចជា នៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតាយ៉ែកស្រុកសូទ្រនិគម ។ ចំណែកនៅប៉ែកខាងជើងមិនឆ្ងាយ ប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែនហើយនៅជុំវិញតំបន់រុនតាឯកទាំងមូលគឺសុទ្ធតែជាតំបន់បៃតងតំបន់កសិកម្មដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វ គឺមានភាពងាយស្រួលចំណែកឯអ្នកចង់ប្រកបរបររកស៊ី ក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បម្រើសេវាកម្មទេសចរណ៍ ក៏មានសក្តានុពលយ៉ាងច្រើនលើ មុខរបរ Home stay ដែរ ។ ទន្ទឹមនឹងនេះ វិស័យឯកជនជាច្រើនកំពុងតែសម្លឹងឃើញពីសក្តានុពលនៅតំបន់រុនតាឯកនេះ ជាក់ស្តែងគម្រោងអភិវឌ្ឍលំនៅឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានគម្រោងនេះទីនោះផងដែរ។ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិរុនតាឯក និងប្រែក្លាយឱ្យទៅជាទីក្រុងរណបថ្មី របស់ខេត្តសៀមរាប ដែលជាតំបន់អភិវឌ្ឍខ្លាំង៕ (ថ្មីថ្មី)អរគុណសន្តិភាព


