សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

SHARE


 នៅព្រឹក ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីក្នុងពិធីបើក​វេទិកា​ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។
វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថាន​យុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (
KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ ប្រារព្ធធ្វើឡើង​ក្រោម​ប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយ​មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។
សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជា​អធិបតីនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោម​ប្រធានបទ
« ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»
សម្តេចក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី​ប៉ាស៊ីហ្វិក (
KSI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និង វិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI) សម្រាប់ ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ។ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានាថ្ងៃនេះសម្តេចតេជោ​បានចូលរួម​ផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម ៖
ទី១)ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិន​អាច​សម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ។ ក្នុងន័យនេះ
, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើង​សង្គ្រាម​ដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់​បង់​អាយុជីវិតរបស់ប្រជាជន ។ កម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់​ប្រវត្តិជូរចត់​ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើន​រំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះ​ដោយ​សន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់​សុខុមាលភាព​ប្រជាជនជាអាទិភាពចម្បង បំផុត គឺជា​នយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខ​សន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ
ទី២) ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមាន ភាព​ក្ដៅគគុក
អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការ​ប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហា​ប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទី​ជា​វេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹង​និម្មាបន​កម្មតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល ។
ទី៣) ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន
យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់​អាស៊ាន​ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការ​ផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍​ឱ្យអស់​លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ដ៏ធំ​បំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក ។
ទី៤) អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកប​ដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ
, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់​សហគ្រាសធុនមីក្រូ តូច និង មធ្យម ការពង្រឹងវិស័យអប់រំ សុខាភិបាល និងកិច្ចគាំពារ​សង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាព​ប្រាក់​ចំណូល និងការធានាសន្តិសុខស្បៀង និង
ទី៥) អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមា​ពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយ​ជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម​-សេដ្ឋកិច្ច ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅ​នឹង​បញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័សស្របតាម​មូលបទរបស់យើងក្នុងថ្ងៃនេះ៕






SHARE

Author: verified_user