ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន

SHARE

 


ខេត្តសៀមរាប៖  ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថ​បាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែល​កប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណ​កន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀង​ជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយ​តែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើ​ដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌ​ជិះលើ​ក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែក​មុខ​នាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំង​ផ្នែកខ្លះនៃក្បាល។

បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះ​ក្នុងគោលបំណងអ្វី និងពេលណានោះទេ។ បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើន​ឃើញនៅ​រចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នា​មក​បញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធ​សាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើ​សំណង់នានារបស់ទ្រង់។

ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយ​នគរបាល​​ការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួល​បំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះ​បញ្ជីទុក​ជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យ​ផ្សេងទៀត​ផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការ​ជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕





 

SHARE

Author: verified_user