សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញានៅថ្ងៃអង្គារទី០៤ ខែតុលានេះថា នឹងខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែបាននិយាយថា ខ្លួននឹងពិចារណាលើជម្រើសនៃការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងផងដែរ ប្រសិនបើទីក្រុងព្យុងយ៉ាងអនុវត្តសកម្មភាពបង្កហេតុ រួមទាំងការសាកល្បងនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍គោលនយោបាយដល់សវនកម្មសភា ដែលក្នុងនោះបានសង្កត់ធ្ងន់លើចេតនារបស់ខ្លួន ក្នុងការរារាំងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងរក្សាជំហរប្រកបដោយតុល្យភាព ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ តាមរយៈការសន្ទនា និងការទូត។ ឯកសារនេះត្រូវបានបង្ហាញត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយហោះពីលើផ្នែកមួយនៃទឹកដីប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍មិនធ្លាប់កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ៕

