ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក លោកស្រីឧត្តមសេនីយ៍ត្រីស្នងការរង ចំនួន២រូប គឺលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោកស្រី ឌី សុជាតិ ស្នងការរង ដឹកនាំកម្លាំងនគរបាលស្រុកអមដំណើរនិងការពារជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ អាជ្ញាធរស្រុក ខេត្តជាច្រើនរូប ចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។ អំណោយទាំងនោះត្រូវបាននាំយកទៅចែកផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកព្រះនេត្រព្រះ ចំនួន ២២៧គ្រួសារ លើ៨ភូមិក្នុងឃុំភ្នំលៀប និងពលរដ្ឋរងគ្រោះដោយទឹកជំនន់មាន ចំនួន ១០០គ្រួសារលើ ៦ភូមិ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក។ ពលរដ្ឋទាំងនេះ ជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរា និងស្រ្តីមានផ្ទះពោះ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ខ្លាំង។ ក្នុងមួយគ្រួសារទទួលបាន ឃីត១ មានសំភារៈដូចជាៈ -ត្រីខ៥កំប៉ុង -មី១កេះ -ទឹកត្រី ៣ដប -ទឹកស៉ីអ៉ីវ៣ដប -អង្ករ១០Kg -ទឹកសុទ្ធ៣ដប -ថ្នាំពេទ្យ១កញ្ចប់ -សារុង១ -ថវិកា២ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ ទូទាំងខេត្តបន្ទាយមានជ័័យ ដែលតែងតែយកចិត្តទុកដាក់ បំពេញតួរនាទី ភារកិច្ចការងារស្នូល ការងារសង្គម និងការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ហើយត្រូវចេះហាមប្រាម និងណែនាំកុមារតូចៗកុំឲ្យលេងទឹកជៀសវាង មានការធ្វេសប្រហែសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕ អរគុណសន្តិភាព
















