សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម

SHARE

 


ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ។

ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្ម​ការទូតរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តម នឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយ​ចិត្ត​ធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេស​ទាំងពីរ​មានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់​ការងារ​ដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀង​អាហារ​រវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមក៏បានគោរពជូនពរសម្ដេចតេជោឱ្យទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែល​ត្រូវបានតែងតាំងជាឯកគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរចំពោះ ការប្តេជ្ញាចិត្តក្នុងការពង្រីកពង្រឹង មិត្តភាព និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តលើកិច្ចព្រមព្រៀង​ជាមួយគ្នា​ដែលបានចុះហត្ថលេខាហើយនោះ។ ក្នុងឱកាសនោះសម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីណាពិនិត្យ​មើល​លើវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះប្រទេសគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញមានស្បៀងអាហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញលើ​វិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរ​នាពេល​ខាងមុខ៕



SHARE

Author: verified_user