ឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ទៅក្នុងផ្លូវពាណិជ្ជកម្ម និងកោះយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូងនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី០១ ខែឧសភា បានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នៅឯសេតវិមាន។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស កំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីសប្តាហ៍មុន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល និងកិច្ចប្រជុំនៅសេតវិមានក្នុងខែមករា រវាងលោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា។ ដោយឡែកនៅក្នុងជំនួបជាមួយលោក ម៉ាកូស នៅឯការិយាល័យរាងពងក្រពើ លោក បៃដិន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដែលរឹងមាំដូចដែកថែបរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសហ្វីលីពីន។ ជាការឆ្លើយតប លោក ម៉ាកូស បាននិយាយថា ហ្វីលីពីនបានរកឃើញថា ខ្លួនស្ថិតនៅក្នុងតំបន់មួយដែលមានស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ លោក ម៉ាកូស បានបញ្ជាក់យ៉ាងដូច្នេះថា ហ្វីលីពីនកំពុងសម្លឹងមើលទៅដៃគូសន្ធិសញ្ញារបស់ខ្លួននៅក្នុងពិភពលោក ដើម្បីពង្រឹងទំនាក់ទំនងដែលយើងមានស្រាប់ និងតួនាទីដែលយើងដើរតួ ក្នុងការប្រឈមមុខនឹងភាពតានតឹងដែលកំពុងកើនឡើង ដែលយើងឃើញនៅពេលនេះ នៅជុំវិញតំបន់សមុទ្រចិនខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
