ខេត្តព្រះសីហនុ៖ «គណបក្សប្រជាជនកម្ពុជា ធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ
សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ ក្នុងសង្គមកម្ពុជា» នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់
សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា
ចុះមូលដ្ឋានខេត្តព្រះសីហនុ
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចផ្សព្វផ្សាយលទ្ធផល
នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា
ជូនដល់ក្រុមការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជិតមួយពាន់នាក់
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តមបានលើកឡើងទៀតថា
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា
បានក្តាប់ពេញដៃទាំងស្រុងនូវអំណាចនយោបាយ។
ស្ថានភាពដ៏កម្រនេះបានផ្តល់អំណោយផលបំផុតសម្រាប់ ការដឹកនាំប្រទេស
របស់គណបក្សប្រជាជនកម្ពុជា បើគិតពីឆ្នាំ១៩៩៣មក ធ្វើឱ្យសង្គមជាតិ
បន្តរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងការធានា បាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា
គោលនយោបាយច្បាស់លាស់ ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជា
ជាចក្ខុវិស័យវែងឆ្ងាយគឺឱ្យកម្ពុជា កាន់តែឈានឆ្ពោះរីកចម្រើន ទៅមុខបន្ថែមទៀត
ហើយមានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលមានគោលនយោបាយច្បាស់លាស់
និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា
ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។
ន្ថែមពីនេះឯកឧត្តម សាយ សំអាល់
បានបន្តថា ជាក់ស្តែង ជោគជ័យដ៏ធំធេងរបស់កម្ពុជា
ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ
និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការ
និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយ
ចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ស្រទាប់វណ្ណៈ
ហើយបានដឹកនាំនាវាកម្ពុជា ឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ
ជាមួយនឹងការបើកដំណើរការប្រទេសជាតិ
និងសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
មួយគ្នានេះ ឯកឧត្តម សាយ សំអាល់
បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងកិត្យានុភាព កិត្តិយស
រដ្ឋឯករាជ្យ អធិបតេយ្យ មួយនៅក្នុងតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ
ឯកឧត្តមសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់
កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់សមាជិក សមាជិកាគណបក្សទាំងអស់
ក្នុងអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត
និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ
ដែលធ្វើឱ្យគណបក្សទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។
ពិសេសឯកឧត្តម សាយ សំអាល់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពរបស់អាជ្ញាធរដែនដី
កងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ គ.ជ.ប ស្ថាប័នពាក់ព័ន្ធផ្សេងៗ
ដែលបានសហការ សម្របសម្រួលសព្វបែបយ៉ាង ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ
និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា
និងការគំរាមកំហែង៕ អរគុណសន្តិភាព












