ប្រជាពលរដ្ឋចំនួន​ប្រមាណ​ជាង៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ទៅតាំង​លំនៅ​ឋានថ្មី នៅភូមិធម្មជាតិ​រុនតាឯក

SHARE

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ នាបរិវេណសាលាខេត្ត​សៀមរាប បានរៀបចំ​ពិធីចាប់ឆ្នោត ទទួលយកទីតាំងដីឡូត៍ថ្មី ជូនប្រជាពលរដ្ឋចំនួន​ប្រមាណ​ជាង៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ទៅតាំង​លំនៅ​ឋានថ្មី នៅភូមិធម្មជាតិ​រុនតាឯក។
លោក ហាយ យង់ តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់​អង្គរ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ចំនួនជាង៧០០ គ្រួសារ ដែលបាន​ស្ម័គ្រចិត្ត ចូលរួមទៅតាមគោលការណ៍រៀបចំ របស់រាជរដ្ឋាភិបាល ព្រមទទួលយកក្បាល​ដីថ្មី បានធ្វើការចាប់ឆ្នោតនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ដោយ មានការជួយសម្រប​សម្រួល​​ពីអាជ្ញាធរពាក់ព័ន្ធ។ លោកបន្តថា ការស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី មាន​ទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ ស្ថិត នៅក្នុងឃុំរុនតាឯក បន្ទាប់ពីបានវាស់វែងរកឃើញថា ពួក គាត់បានសាងសង់លំនៅឋាន នៅលើដីឧទ្យានអង្គរ ដោយគ្មានច្បាប់អនុញ្ញាត ។
លោកបន្តទៀតថា ទីតំាងដីថ្មី ដែលប្រជាពលរដ្ឋត្រូវចូលទៅរស់នៅនេះ អាជ្ញាធរបានគិត គូរអំពីសុខទុក្ខរបស់ពួកគាត់ ជាពិសេសនឹងមានការអភិវឌ្ឍគ្រប់វិស័យ រួមមាន​សាលា​រៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមាន ផ្លូវថ្នល់សម្រាប់ធ្វើដំណើរខ្វាត់ ខ្វែងផងដែរ។ ក្នុងនោះ ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពល រដ្ឋជំហានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើ​លំនៅឋាន​ឱ្យ​ពួកគាត់​នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួប​បញ្ហា​ផ្សេងៗ ប៉ុន្ដែមានប្រជា ពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួន ហើយអាជ្ញាធរនឹងបន្តជួយ​សម្របសម្រួលដល់ពួកគាត់បន្តទៀត។
គោលការណ៍រួមជាទូទៅគឺអ្នកដែលរស់នៅក្នុងតំបន់អង្គរនេះ យើងអត់និយាយថាជាដី​អីទេ តែគាត់រស់នៅក្នុងដីរបស់រដ្ឋ ដែលរដ្ឋឱ្យធ្វើការអាស្រ័យផល ហើយនៅពេលនេះ​រដ្ឋមានគោល ការណ៍រៀបចំផ្តល់ជាដី ចំណែកជាកម្មសិទ្ធិផ្ទាល់តែម្តង នៅពេលដែលគាត់​ចាប់ឆ្នោតហើយ គាត់ទទួលបានការចុះបញ្ជីគាត់បានប័ណ្ណតែម្តង ជាកម្មសិទ្ធិស្របច្បាប់​របស់គាត់ អត់ដូចដីដែលគាត់រស់នៅក្នុងតំបន់ដែលគ្រប់ គ្រងដោយអាជ្ញាធរអប្សរានេះ គាត់មិនមានសិទ្ធិទទួលបានប័ណ្ណទេ ព្រោះជាកម្មសិទ្ធិរបស់រដ្ឋ ហើយជាគោលការណ៍​រួមគឺបានស្មើ អត់មានអ្នកណាបានលើសអ្នកខ្វះទេគឺ២០ម៉ែត្រគុណ៣០ម៉ែត្រដូចគ្នា។
លោក អ៊ុយ ចន្ធី រស់នៅភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប បានចូលរួម​ចាប់ឆ្នោតទទួលយកក្បាល ដីថ្មី បានឱ្យដឹងថា ការសាង សង់លំនៅឋានរបស់លោកក្នុង​តំបន់​ឧទ្យានអង្គរ ដោយមិនមានច្បាប់អនុញ្ញាត ដូច្នេះលោកពេញចិត្តនឹងគោល នយោបាយ​ដោះដូរដី សម្រាប់ប្រជាពលរដ្ឋឱ្យបានទៅតាំង ទីលំនៅថ្មីនៅក្នុងឃុំរុនតាឯក ។ លោកបន្តថា ទោះបីជាការ រស់នៅទីតាំងថ្មី នៅជំហានដំបូង ត្រូវជួបបញ្ហាប្រឈមខ្លះៗ តែលោកក៏ពេញចិត្ត ព្រោះ ថារូបលោកនិងប្រជាពលរដ្ឋដទៃទៀត មានដីជា​កម្មសិទ្ធិ​ស្របច្បាប់ អាចសាងសង់សំណង់ដោយមិនប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
ខ្ញុំនៅតាំងពីឆ្នាំ ២០០១សៀវភៅគ្រួសារដែលខ្ញុំស្នាក់នៅ ហើយលំនៅឋានយើងតូចទេ ហើយក្រោយៗមកយើងចេះតែធ្វើពង្រីកនៅបានសមរម្យ ខ្ញុំមានការស្ម័គ្រទៅតាម​គោលការណ៍ដែលរដ្ឋបានផ្តល់ឱ្យទៅនៅភូមិរុនតាឯក ហើយពេញចិត្តទៅនៅ សប្បាយ​ចិត្តដែលបានដីជាកម្មសិទ្ធិរដ្ឋបានចែកឱ្យ ហើយមានសេរីភាពជាងនៅខាងនេះ ដោយសារ​នៅខាងនេះសាង សង់ទៅប៉ះពាល់ទៅដល់រមណីយដ្ឋានអង្គរ។
សូមជម្រាបផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារបច្ចេក ទេសសម្រេចបានលទ្ធផល វាស់វែងវែដីបានចំនួន ២០០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន៦៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០១១៨ហិកតា នៃទីតាំងទាំង៣ ដែលស្ថិតក្រោមការ គ្រប់គ្រង​របស់អាជ្ញាធរជាតិអប្សរា។ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងលំនៅខុស ច្បាប់ចំនួន​៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក៕
by AKP




SHARE

Author: verified_user