សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

SHARE

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និង​ចែក​រំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទា​ទៅ​ដល់​កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។
ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម
JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នក​គ្រប់គ្រង​គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំ​គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម
JAEKAP LEE ដែលបានដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់​កម្មករ​និយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួង ការងារ និងមុខរបរនៃ​សាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជា ឲ្យវិស័យ​មួយនេះ​ទទួលបាននូវលទ្ធផលល្អ។
ពេលមកដល់កម្ពុជា ឯកឧត្តម
JAEKAP LEE មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញ​មាន​ការរីកចម្រើនយ៉ាងឆាប់រហ័ស លើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​របស់​កម្ពុជា។ មានបទពិសោធន៍លើកិច្ចការងារស្តារនីតិសម្បទារបស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារនេះ ឯកឧត្តមបានបញ្ជាក់ថា រូបឯកឧត្តម ធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយ​សម្រាប់​គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិ​សម្បទា​ជូនពួកគាត់អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។ ក្រុមការងាររបស់ឯកឧត្តម នឹង​ជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និង​ជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាមិនមានការអភិវឌ្ឍរីកចម្រើន​ដូចសព្វថ្ងៃបែបនេះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវសន្តិភាព និងការ​រក្សាបាននូវស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍលឿនបែបនេះ។ មានសន្តិភាព គឺមានឱកាសក្នុងការអភិវឌ្ឍ។ កម្ពុជាបើកជំហរឲ្យមានការវិនិយោគទាំងខាងក្នុង និង​ខាងក្រៅ មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសទាំងអស់គ្រប់និន្នាកា​ដើម្បី​ស្រូប​ទាញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមាន​សកម្មភាពរស់រវើក។
ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់​ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង បានផ្តល់ប្រយោជន៍ពីគ្នា​ទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។  លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការ​វិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់។
ចំពោះទំនាក់ទំនងលើវិស័យការងារវិញ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ពលករកម្ពុជា​ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ(
OSH) កូរ៉េបានផ្តល់ការ​គាំទ្រទាំង​ថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទំាងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការ​គ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន នឹង​ចែក​រំលែកបទពិសោធន៍ទាំងនេះ មកខាងប.ស.ស យកទៅអនុវត្តឲ្យទទួលបាន​ជោគជ័យ​បន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពី ការអភិវឌ្ឍរបបសន្តិសុខសង្គមរបស់កម្ពុជា មក​ដល់​ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន៖ ទី១.ផ្នែកហានិភ័យ​ការងារ អនុវត្តនៅឆ្នាំ២០០៨
, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់​សោធន ទើបប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិង​កំពុង​ធ្វើយុទ្ធនាការ រយៈពេល ៩០ថ្ងៃ ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម​ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ។
ឯកឧត្តម
JAEKAP LEE បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែល​បានគាំទ្រចំពោះការអនុវត្តគម្រោងរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមសង្ឃឹមថា ការ​ជួយ​ជ្រោមជ្រែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នឹងធ្វើឲ្យដំណើរការអនុវត្តនូវគម្រោងមួយនេះ ពិតជា​ទទួលបានជោគជ័យដ៏ធំធេង៕ អរគុណសន្តិភាព




SHARE

Author: verified_user